ដីលិចទឹកមួយកន្លែងត្រូវបានគ្រឿងចាក់យកអាចម៍ដីមកចាក់ចូលដល់មាត់ប្រឡាយលូរំដោះទឹកចេញពីតំបន់មួយទៅតំបន់មួយហាក់ដូចជាការបំពានគោលការណ៍នៃអនុក្រឹត្យ ខណៈដែលអាជ្ញាធរថាជាទីតាំងកម្មសិទ្ធិរបស់បុគ្គលតែមិនបានផ្ដល់លិខិតស្នាមច្បាប់ និងបណ្ណកម្មសិទ្ធិអចលនវត្ថុបញ្ជាក់ឲ្យបានដឹងទេ..!

ដីលិចទឹកមួយកន្លែងត្រូវបានគ្រឿងចាក់យកអាចម៍ដីមកចាក់ចូលដល់មាត់ប្រឡាយលូរំដោះទឹកចេញពីតំបន់មួយទៅតំបន់មួយហាក់ដូចជាការបំពានគោលការណ៍នៃអនុក្រឹត្យ ខណៈដែលអាជ្ញាធរថាជាទីតាំងកម្មសិទ្ធិរបស់បុគ្គលតែមិនបានផ្ដល់លិខិតស្នាមច្បាប់ និងបណ្ណកម្មសិទ្ធិអចលនវត្ថុបញ្ជាក់ឲ្យបានដឹងទេ..!

សង្កាត់រលួស ខណ្ឌដង្កោ :បើយោងតាមប្រភពព័ត៌មានដែលប្រជាពលរដ្ឋបានផ្ដល់មកដល់អង្គភាពសារព័ត៌មានយើងដើម្បីពិនិត្យមើលទីតាំងមួយកន្លែងដែលមានគ្រឿងចក្របានធ្វើការយកអាចដីពីទីតាំងកន្លែងផ្សេងមកចាក់លុបលើដីលិចទឹកមួយកន្លែង(ដូចជាត្រពាំងពីអតីតកាល)ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនយល់ឃើញផ្សេងៗគ្នាថា តើដីទីតាំងនេះមានច្បាប់ត្រឹមត្រូវដែរឬទេ? និងការចាក់នោះបានចាក់ចូលដល់មាត់ប្រឡាយសម្រាប់បង្ហូរទឹកពីចំណុចមួយទៅចំណុចមួយដោយហួសទាំងបង្គោលភ្លើងថែមទៀតផង។

ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញក្តីបារម្ភអំពីការមិនធ្វើការជូនដំណឹងអំពីរាល់ការចាក់ដីចូលដល់ប្រឡាយលូ ដោយអ្នកខ្លះយល់ឃើញថាអាចនឹងមានផលប៉ះពាល់ដល់ប្រឡាយដែលកំពុងតែមានទឹកហូរចូលក្នុងលូពីចំណុចទីតាំងមួយទៅចំណុចទីតាំងមួយស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦។

ប្រជាពរដ្ឋមួយចំនួនទៀតបានឃើញគ្រឿងចក្រមួយបានធ្វើការចាក់របៀបលួចលាក់គឺចាក់ថ្ងៃទី១៦ ខែមករាឆ្នាំ២០២៦ ហើយថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឈប់ចាក់ជាបណ្ដោះអាសន្នដោយមិនដឹងមូលហេតុ?

លោកមេភូមិកណ្ដាលបានប្រាប់មកសារព័ត៌មានយើងថា ការចាក់នោះគឺចាក់ដោយម្ចាស់ផ្សារគួស្រូវបានជួលដូគេ ដោយឲ្យគ្រឿងចក្រមកចាក់ ហើយលោកមិនអាចមានឯកសារផ្ដល់មកទេដោយសារលោកឱ្យសួរទៅខណ្ឌទៅ។

ចំណែកឯលោកចៅសង្កាត់ រលួស បានផ្ដល់បទសម្ភាសន៍ថា លោកកំពុងជាប់រវល់នៅរោងចក្របារីក្បែរនោះ ។

ជុំវិញការចាក់លុបដីលិចទឹកមួយកន្លែងនេះបានធ្វើឲ្យមានការដេញដោលសួរគ្នាពីមួយទៅមួយ ថាតើដីនេះពិតជាមានម្ចាស់កម្មសិទ្ធិអចលនវត្ថុដែរឬទេ? ប្រសិនបើមានបណ្ណកម្មសិទ្ធិអចលះវត្ថុមែននោះ គួរតែអាជ្ញាធរមូលដ្ឋានភូមិសង្កាត់បង្ហាញឯកសាររួមជាមួយការស្នើសុំក្នុងការចាក់ដីដោយម្ចាស់ទីតាំងផ្ទាល់ដើម្បីជម្រាបជាសាធារណៈជូនដល់សាធារណជន។

ក្នុងករណីប្រសិនបើប្លង់ណានោះជាកម្មសិទ្ធិអចលនទ្រព្យរបស់បុគ្គលណានោះដែលបានហ៊ុំព័ទ្ធខាងក្រៅបង្គោលភ្លើងដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនៅក្នុងពេលបច្ចុប្បន្នក៏ច្បាប់នឹងមានការពិចារណាធ្វើការកែតម្រូវតាមច្បាប់ដែលបានកំណត់ស្តីអំពីសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។

យ៉ាងណាមុិញប្រសិទ្ធភាពសម្រាប់គ្រប់មជ្ឈដ្ឋានគឺរាល់បុគ្គលនីមួយៗត្រូវគោរពច្បាប់ឲ្យមានភាពស្មើៗគ្នាចំពោះមុខច្បាប់ ពិសេសច្បាប់ស្ដីអំពីភូមិបាលដែលត្រូវបានចែងមានចំនួន ជុំវិញការរំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋដូចមានចែងព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ភូមិបាលដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០១ ដែលមានចំនួន២៦៨មាត្រា។ ចំពោះមាត្រា២៥៩បានចែងថា :

(ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬ/និង ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។
ចាវីត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះជាបន្ទាន់ ។
ចារី គ្មានសិទ្ធិទារកំរៃអំពីពលកម្មឬការរៀបចំដែលបានធ្វើលើទ្រព្យនោះឡើយ ។
ក្នុងករណីដែលអ្នកកំពុងកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ មុនច្បាប់នេះចូលជា ធរមាន ហើយមានឯកសារសំអាងនិងបញ្ជាក់ជាក់លាក់ថា ខ្លួនបានទិញពីជនណាម្នាក់ អាចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តតាមវិធានច្បាប់ចំពោះបុគ្គល ដែលបានលក់ទ្រព្យសម្បត្តិសាធារណៈនេះដោយខុសច្បាប់ និងដើម្បីជាប្រយោជន៍របស់ ខ្លួនដែលបានរងគ្រោះដោយសារទង្វើនេះ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ជនរងគ្រោះនេះ ពុំមានសិទ្ធិកាន់កាប់បន្តលើទ្រព្យសម្បត្តិសាធារណៈបានឡើយ)។

ជាងនេះទៅទៀតក្នុងករណីចំពោះការសាងសង់ តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?
តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖

-ប្រឡាយមេ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី៣ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។

អង្គភាពសារព័ត៌មានរបស់យើងស្នើសុំចំពោះលោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ សូមលោកស្រីជួយចាត់មន្ត្រីរបស់រដ្ឋបាលខណ្ឌដើម្បីពិនិត្យមើលទីតាំងដោយក្តីគោរព។
ដោយឡែកផងដែរនោះអង្គភាពសារព័ត៌មានរបស់យើងក៏ស្នើសុំដល់អាជ្ញាធរមន្ត្រីនៃរដ្ឋបាលខណ្ឌដង្កោ ជួយកែតម្រូវនូវរាល់ការបំពេញចំពោះកាតព្វកិច្ចក្នុងករណីដែលមានការស្នើសុំច្បាប់ ឬមានប័ណ្ណកម្មសិទ្ធិអចលនវត្ថុរបស់សមីខ្លួនសូមជួយបង្ហាញក្នុងករណីដែលសាធារណជនចង់ដឹងប្រសិនបើទីតាំងក្នុងតំបន់ណាមួយដែលអាជ្ញាធរបានគ្រប់គ្រងក្នុងទីតាំងនោះដើម្បីជាព័ត៌មានក្នុងការផ្ញើត្រឡប់ជូនដល់សាធារណជនបានជ្រាបដើម្បីជៀសវាងមានការយល់ច្រឡំណាមួយ ហើយក៏ស្របទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃដែលបានដាក់ជូនអំពីការគ្រប់គ្រងរបស់រដ្ឋបាលភូមិឃុំសង្កាត់ក្រុងខេត្តរាជធានី។

ដោយឡែកសម្រាប់សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិល នៅតែមានជំនឿជឿជាក់ថារដ្ឋបាលខណ្ឌដង្កោ ក្រោមការគ្រប់គ្រងរបស់លោកស្រី គឹម ញឹប និងចាត់មន្ត្រី ដើម្បីត្រួតពិនិត្យមើលទីតាំងដែលស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានទំនុកចិត្តរបស់សាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលផងដែរ។

អង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលប្រភពព័ត៌មានបន្ថែមដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់គ្រប់ពេលវេលាផងដែរជុំវិញករណីនៃការចាក់ដីចូលក្នុងដីលិចទឹកមួយកន្លែង និងមានការចាក់ចូលមាត់ប្រឡាយលូបង្ហូរទឹកពីភូមិសាស្ត្រចំណុចមួយទៅចំណុចមួយស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ សូមអរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *