ពិតជារកពាក្យថ្លែងមិនរួចទាល់តែសោះ អ្នកមានលុយមានអំណាចនាំគ្នាទៅរំលោភច្បាប់ទាំងឃើញនឹងភ្នែកស្រស់ តែចំណាត់ការនៅត្រង់ណា? ទីតាំងចាក់រំលោភដីចូលដល់មាត់ច្រើនទន្លេបានធ្វើឲ្យសាធារណជនរិះគន់ ចំពោះទង្វើសកម្មភាពរបស់ម្ចាស់ទីតាំងដែលល្មើសនិងច្បាប់ ខណៈដែលអាជ្ញាធរ និងមន្ត្រីជំនាញហាក់ដូចជាមានការបកស្រាយផ្សេងៗគ្នាផ្ទុយពីច្បាប់ដែលបានកំណត់ដោយព្រះរាជាណាចក្រកម្ពុជា។
ខេត្តកណ្ដាល :បើយោងតាមប្រភពព័ត៌មានបានបញ្ជាក់ច្បាស់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបង្ហាញយ៉ាងច្បាស់អំពីការរំលោភបំពានរបស់ម្ចាស់ទីតាំងដែលមានលុយមានអំណាច មិនខ្វល់អំពីផលប៉ះពាល់នៃផ្ទៃអាងទន្លេ ដែលអាចបង្កឲ្យមានបញ្ហាផ្សេងៗសម្រាប់ដំណើរការគ្រប់គ្រងអាងទន្លេរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងតំបន់មួយចំនួនដែលរងផលប៉ះពាល់ និងគ្រប់ៗគ្នាគោរពច្បាប់ផ្ទុយពីម្ចាស់ទីតាំងដីមួយនេះដែលបានធ្វើការសាងសង់ចូលក្នុងមាត់ច្រាំងទន្លេធ្វើឲ្យមានការរិះគន់ផងដែរ។
ជុំវិញការបកស្រាយរបស់អជ្ញាធរ និងមន្ត្រីជំនាញគឺលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលមិនបានឆ្លើយតបតាមប្រព័ន្ធទំនាក់ទំនងណាមួយនោះឡើយ។

សម្រាប់លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាលបានបញ្ជាក់អំពីថាទីតាំងនេះមានការសុំច្បាប់ឬគេធ្វើបំពាននេះក្នុងគោលបំណងអ្វីដែរ លោកបានប្រាប់ថាទីតាំងនេះចូលច្រាំងទន្លេដោយមិនមានការសុំអនុញ្ញាតច្បាប់ពីមន្ទីររបស់លោករហូតមកដល់ថ្ងៃទី ខែមិថុនា ឆ្នាំ២០២៦ នោះទេ ហើយមន្ត្រីការងាររបស់លោកក៏បានចុះទៅម្ដងដើម្បីទប់ស្កាត់ផងដែរ តែបើមិនមានច្បាប់លោកនឹងធ្វើការងារតាមច្បាប់បន្តទៀត។
ស្របពេលជាមួយគ្នានោះដែរ ឯកឧត្តម ឌឹម បូរ៉ា ជាអភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកណ្ដាល ដោយលោកបានជម្រាបថាលោកនឹងចាត់ឲ្យមន្ត្រីសាលាស្រុកខ្សាច់កណ្ដាលក្រោមការដឹកនាំរបស់លោក ចេង ឌីណា ដើម្បីធ្វើការបញ្ជាក់ដោយបំភ្លឺមកសារព័ត៌មានយើង។

តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖
ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។
អង្គភាពសារព័ត៌មានរបស់យើងគោរពស្នើសុំបន្ថែមទៀតតាមការផ្ដល់នូវប្រភពខាងលើនេះសូមឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធមានដូចជា :
១-ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម សូមចាត់មន្ត្រីចុះអធិការកិច្ចលើទីតាំងខាងលើនេះដោយការគោរព។
២-ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សូមចាត់មន្ត្រីចុះធ្វើការពិនិត្យ និងអង្កេតលើទីតាំងនេះថាមានច្បាប់អនុញ្ញាតស្របតាមប្លង់មេរបស់អន្តរក្រសួងជាពិសេសក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ដែរឬទេ?
៣-ស្នើសុំឯកឧត្តម គួច ចំរើន ជួយចាត់មន្ត្រីរបស់រដ្ឋបាលខេត្តកណ្ដាល ដើម្បីធ្វើការពិនិត្យលើទីតាំងខាងលើនេះ ថាតើការធ្វើទាំងអស់នេះនាំឲ្យមានផលប៉ះពាល់ដល់ការអនុវត្តច្បាប់របស់រដ្ឋបាលខេត្ត និងអន្តរក្រសួងដែរឬយ៉ាងណា?

តែទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិលក៏ដូចជាសាធារណៈជនទូទៅនៅមានជំនឿជឿជាក់រាល់ការបំពេញកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំក្រោមជាតិដ៏មានប្រសិទ្ធភាពខ្ពស់នៅពេលបន្ទាប់ ឱ្យពួកគេកំពុងរង់ចាំមើលនៅការពិនិត្យ និងធ្វើការស្រាវជ្រាវលើទីតាំងនេះ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម និងរាល់ប្រភពព័ត៌មានទាំងឡាយដែលបានកើតឡើង កំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ពិសេសទីតាំងនៃការចាក់ដីលើមាត់ច្រើនទន្លេបាសាក់ស្ថិតនៅក្នុងភូមិស្វាយអាត់ក្រោម ឃុំព្រៃតាមាក់ ខេត្តកណ្ដាល ដោយអង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលដំណឹងបញ្ជាក់បន្ថែមគ្រប់ពេលវេលាដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់បន្តទៀត សូមអរគុណ..!

